
សម្រង់ចេញសេចក្តីពីសៀវភៅ «ចិញ្ចឹមកូនតាមគន្លងធម៌» ដដែលបន្តថា៖ «ការសេពស្រាក៏ជាទោសមួយ សម្រាប់បុរសស្ត្រីក្នុងលោកយើងនេះ ដោយថាមនុស្សពេញចិត្តស្រា យកស្រាជាទីពឹង ឃើញថា មានតែស្រាទេ ដែលជាមិត្តភក្តិជានិច្ចកាលគ្រប់ពេលមនុស្សនោះថាខ្វះសតិ បាត់បង់ស្មារតី និងបញ្ញាយកទោសជាគុណ ឬយកគុណជាទោស។ ហើយកាលណាសុរាជ្រាបចូលដល់ពោះភ្លាមឃើញថា អញអស្ចារ្យជាងគេ ខ្លាំងជាងគេក្លាយទៅជាអ្នកក្លាហានខាងផ្នែកកាប់ចាក់ ទាត់ធាក់ កាចឃោរឃៅយង់ឃ្នង ហ៊ានប្លន់ ហ៊ានលួច ហ៊ានសម្លាប់ ហ៊ានចាប់រំលោភ សូម្បីឪពុកម្ដាយរបស់ខ្លួនក៏ហ៊ានគំរាមកំហែង ប្រមាថ ឬហ៊ានសម្លាប់គាត់ទៀតផង។ មនុស្សដែលពុំមានសតិបញ្ញាស្មារតីគ្រប់គ្រងខ្លួន ឈ្មោះថា ជាមនុស្សវិកលចរិត ឬហៅថាវិបល្លាសខ្វះសតិក្នុងខ្លួន។ ព្រោះហេតុនោះ មនុស្សយើងត្រូវវៀរចាកការសេពសុរាបានជាដាច់ខាត ទើបមានឈ្មោះថាជាមនុស្សចរិយាសម្បត្តិល្អ»។
ការលេងភ្នាល់ក៏ជាទោសត្រូវវៀរចាកជាដាច់ខាតផងដែរ ព្រោះថា មនុស្សខ្លះដែលងប់វង្វេងក្នុងវង់ល្បែងភ្លេចអស់ពីការសិក្សារៀនសូត្រ ការកសាងអំពើល្អ ជាពិសេសខ្លួនបានបង្ហាញខ្លួនថា ជាមនុស្សមិនត្រឹមត្រូវ។
ម្យ៉ាងទៀតអ្នកលេងល្បែងរមែងមិនជាទីសណ្ដាប់ ជឿទុកចិត្តអ្នកដទៃឡើយ ពេលនិយាយសម្ដីសាបដូចជាទឹក រហូតដល់ចូលទៅកាន់ទីជំនុំចំណោមខ្លួនដែលមិនមែនជាអ្នកក្លាហាន។ ចំពោះល្បែងបៀ ល្បែងស៊ីសង មានការចាក់បាល់ ជាដើមគឺសុទ្ធតែជា មេនៃសេចក្ដីវិនាសសម្រាប់យើង ហើយព្រោះហេតុនោះ មនុស្សដែលត្រូវជាប្ដីប្រពន្ធគេត្រូវវៀរចាកឲ្យបាននូវល្បែងភ្នាល់គ្រប់ប្រការ កុំលូតលាស់ឲ្យសោះ។
ជាចុងក្រោយនៃសម្រង់សេចក្តីពីសៀវភៅ «ចិញ្ចឹមកូនតាមគន្លងធម៌» បន្ថែមថា៖ «ការសេពគប់មិត្តក៏មានសារៈសំខាន់ផងដែរ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ បើមិត្តប្រកបដោយធម៌ (មិត្តសុចរិត) នោះនឹងនាំយើងទៅកាន់សេចក្ដីសុខ ប៉ុន្តែបើមិត្តនោះប្រកបដោយអធម៌ (មិត្តទុច្ចរិត) នោះ ក៏នឹងនាំយើងទៅកាន់សេចក្ដីវិនាសជាមិនខានដែរ»៕
google.com, pub-1499389591457419, DIRECT, f08c47fec0942fa0