
រាជធានីភ្នំពេញ ៖ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញ្ញា ឆ្នាំ ២០២១មន្ត្រីជំនាញក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនហ្វេសប៊ុក នឹងឈានទៅរកការបិទទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណី វីរុសកូរ៉ូណា និងព័ត៌មានក្លែងក្លាយ ផ្សេងទៀត ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិ។
ក្រសួងព័ត៌មានកំពុងបំពេញកិច្ចការយ៉ាងមមាញឹក ក្នុងការតាមដាន និងកំណត់រាល់វេបសាយ និងទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញករណីវីរុសកូរ៉ណា ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការភិតភ័យ។

វិធានការនេះ ធ្វើឡើងគ្រប់វេបសាយ និងទំព័រហ្វេសប៊ុកព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន និងមិនបានចុះបញ្ជី ដោយមានចំណាត់ការផ្សេងៗគ្នា ពីក្រសួងដៃគូ រួមមានក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ រួមទាំង មានចំណាត់ការពីក្រុមហ៊ុន ហ្វេសប៊ុកផងដែរ។ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ហ្វេសប៊ុក នឹងធ្វើការលុបចោលនូវទំព័រហ្វេសប៊ុក នោះ ក្នុងករណីនៅតែប្រព្រឹត្តិខុសក្នុងផ្សព្វផ្សាយគ្រប់ព័ត៌មានក្លែងក្លាយ នេះបើតាមការលើកឡើងបញ្ជាក់ពី ឯកឧត្តម ផុស សុវណ្ណ ជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។
ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា គិតមកត្រឹមពេលនេះក្រសួងបានរកឃើញ នូវវេបសាយ ក៏ដូចជា ទំព័រហ្វេសប៊ុកព័ត៌មាន មិនក្រោម ៥០ នោះទេ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណី វីរុសកូរ៉ូណានេះ។ ក្រសួងក៏នឹងពិភាក្សាបន្ថែមជាអ្នកសារព័ត៌មានវិជ្ជាជីវៈ អ្នកច្បាប់ បន្ថែមមុននឹងចេញសេចក្ដីជូនដំណឹងបន្ថែមជុំវិញករណីនេះ។
