
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទទួលបានអំណោយរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កេីត ខែភទ្របទ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងសហការី បានទទួលអំណោយដ៏ថ្លៃថ្លាពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង សម្រាប់បំពាក់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលពិធីនេះធ្វេីឡេីងនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះសមានចិត្ដដ៏សប្បុរសតរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ដែលបានផ្តល់នូវអំណោយ រថយន្តសង្គ្រោះបន្ទាន់ចំនួន ០១គ្រឿង សម្រាប់បំពាក់ជូន ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
អំណោយដ៏ថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ចែករំលែក ផុសចេញពីទឹកចិត្តសប្បុរសរបស់ ឯកឧត្តម ដែលជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្ត ក៏ដូចជាការរក្សានូវសុខុមាលភាពរបស់កងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្មថែរក្សាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត និងសូមគោរពជូនពរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសហការីគ្រប់ជាន់ថ្នាក់ សូមមានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មបម្រើជាតិមាតុភូមិ ព្រមទាំងទទួលបាននូវពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
