ពោធិ៍សាត់ ៖ រមណីយដ្ឋាន “ភ្នំនាគស” ស្ថិតនៅចំណុចកាត់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសំបូរទៅដោយបណ្ដុំភ្នំគុហ៍ កំពុងក្លាយជាតំបន់ទេសចរណ៍មួយមានការទាក់ទាញយ៉ាងខ្លាំង រួមជាមួយទេសភាពដ៏ស្រស់ត្រកាលនៅតំបន់នោះ។

បើតាមលោក សំឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ដោយមើលឃើញពីសក្តានុពលនៃតំបន់នេះ អាចកំណត់បានថា ជាទេសចរណ៍បែបលក្ខណៈគ្រួសារ។ ដោយមានការណែនាំពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យដាំដំណាំភោគផលជាច្រើនដូចជា ៖ ល្ហុង ចេក ពុទ្រា ផ្កា និងដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទៅលក់នៅទីផ្សារ ដោយមិនប្រើជីគីមី។
លោកប្រធានមន្ទីរទេសចរណ៍រូបនេះ បានបន្តថា ៖ បច្ចុប្បន្នភ្នំនេះ ជាតំបន់ជម្រកសត្វក្ងោក ដែលតែងតែហើរចុះមកលេង នៅពេលព្រឹកព្រលឹម និងពេលថ្ងៃរៀបលិច ក្រៅពីសត្វក្ងោក ក៏នៅមានសត្វឃ្មុំ និងសត្វព្រៃដទៃទៀតផងដែរ។ បើតាមការពិនិត្យលើតំបន់ទាំង៣នៅទីតាំងខាងលើនេះពិតជាប្លែកខុសពីតំបន់កម្សាន្តនានា ក្នុងខេត្ត ពិសេសពួកគាត់ក្នុងនាមជាយុវជនចូលចិត្តអ្វីប្លែកៗ។ ពិតណាស់តំបន់នេះទាមទារ ការវិនិយោគទន់ច្រើន ហើយក៏អាចក្លាយជាតំបន់ទាក់ទាញបាន បើសិនជាអ្នកវិនិយោគរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធបានល្អ។
លោក អេង គន្ធា អ្នកមានគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍តំបន់នេះ បានបញ្ជាក់ពីគោលបំណង ចង់ថែរក្សាការពារធនធានធម្មជាតិនិងបរិស្ថាន នៅបណ្តុំភ្នំគុហ៍នេះ ដោយរំលេចឲ្យអ្នកផងមានការចាប់អារម្មណ៍ នូវអ្វីដែលមាននៅលើភ្នំនេះ។ អ្វីដែលពិសេស ធ្វើឲ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិផង ជាមួយកន្លែងគោរពសក្ការៈផង និងឲ្យមានការទាក់ទាញ ចាប់អារម្មណ៍ ពីភ្ញៀវទាំងឡាយ អំពីសក្តានុពលធនធានដ៏កម្រក្នុងឃុំមួយនេះ។
លោកបានបន្ថែមថា ចំពោះទុនសម្រាប់អភិវឌ្ឍតំបន់នេះលោកមានការរំពឹងទុកហាក់ដូចជាស្ទាក់ស្ទើរ ព្រោះថាតំបន់នេះ ជាកន្លែងថ្មី ត្រូវការថវិកាច្រើន ខណៈថវិកាត្រូវចំណាយត្រូវការគៀងគរ និងត្រូវការការចូលរួម។ តែទោះជាយ៉ាងណា ឯកឧត្តមក៏បានបង្ហាញពីជំហរដ៏មោះមុត ថានឹងបង្កើតតំបន់នេះឲ្យបាន ដែលមានឈ្មោះថា «ភ្នំនាគស»។
លោកបានអំពាវនាវដល់ព្រះសង្ឃ និងគ្រហស្ថ រួមគ្នាថែរក្សាសម្បត្តិធនធានធម្មជាតិ ដែលមាននៅទីនេះឲ្យបានគង់វង្ស ដើម្បីបង្កើតជារមណីយដ្ឋានធម្មជាតិដ៍ស្រស់ស្អាត និងស្រូបយកខ្យល់បរិសុទ្ធ សម្រាប់ភ្ញៀវទេសចរណ៍មកលេងកំសាន្ដ៕






