កណ្ដាល ៖ ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនបំផុត បានបុកមន្ត្រីនគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ចការពារក្បួនថ្នាក់ដឹកនាំ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលបានកើតឡើងកាលពីយប់ម៉ោង ០៨៖០០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចគោលដៅ P213 ស្ដុបព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញ មន្ដ្រីនគរបាលរងគ្រោះខាងលើ កំពុងឈរនៅតាមដងផ្លូវដើម្បីបញ្ជាចរាចរសម្រួលដល់ក្បូនថ្នាក់ដឹកនាំ ដែលត្រូវឆ្លងកាត់ ប៉ុន្ដែពេលនោះមាន រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2S-3669 មិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ដែលឲ្យអែបខាង ប៉ុន្តែម្ចាស់រថយន្តមិនព្រមស្ដាប់ ហើយបើកបំបុកពេញទំហឹងបណ្តាលឲ្យប៉ើងខ្ទាតចម្ងាយ៥ម៉ែត្រ។
ប្រភពបន្តបានឲ្យដឹងថា បន្ទាប់ពីបើកបុកមន្ត្រីនគរបាលហើយ ជនបង្កបានបន្ថែមល្បឿនបើករត់គេចយ៉ាងលឿន ប៉ុន្តែដោយមានការសហការល្អរបស់សមត្ថកិច្ច បានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។ ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ។
បន្ទាប់ពីបានគ្រូពេទ្យធ្វើការពិនិត្យលើមុខរបួសជនរងគ្រោះ សមត្ថកិច្ចបានបញ្ជាក់ថា នៅផ្នែកលលាដ៏ក្បាលរបស់ជនរងគ្រោះស៊្រាំ និងមានកកឈាម, បាក់ឆ្អឹងចង្កេះ និងជើងបាក់ទាំង២ ហើយពេលនេះក្រុមគ្រូពេទ្យឲ្យសម្រាកតាមដាន ៤៨ម៉ោង ពេលមានកម្លាំងទើបរៀបចំដំណើរការវះកាត់តឆ្អឹងជើង និងលលាដ៍ក្បាលបន្តទៀត៕